Aller au contenu principal
ដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច (ga 5387) ធ្វើពីសំរឹទ្ធ ដែលមានបណ្តោយប្រវែង ២ម៉ែត្រ២២ និងទទឹងប្រវែង ១ម៉ែត្រ២៣ សិតនៅភាគទី២នៃសតវត្សរិ៍ទី១១នៃគ.ស។ រូបថត៖ លោក ព្យែរ បាទិស្ទ (Pierre Baptiste)
ដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច (ga 5387) ធ្វើពីសំរឹទ្ធ ដែលមានបណ្តោយប្រវែង ២ម៉ែត្រ២២ និងទទឹងប្រវែង ១ម៉ែត្រ២៣ សិតនៅភាគទី២នៃសតវត្សរិ៍ទី១១នៃគ.ស។ © រូបថត៖ លោក ព្យែរ បាទិស្ទ (Pierre Baptiste)

គម្រោងព្រះវិស្ណុ

10/05/2024

នៅអំឡុងខែមេសានិងខែវិច្ឆិការឆ្នាំ២០២៥ខាងមុខនេះ សារមន្ទីរ Guimet នឹងរៀបចំពិព័ណ៌វត្ថុបុរាណនិងវត្ថុសិល្បៈខ្មែរអំពីសំរឹទ្ធមកពីតំបន់អង្គរ ដែលជាគ្រឿងសម្រាប់រាជ្យ។ ពិព័ណ៌ដ៏ធំមួយនេះ ក៏មានការតាំងបង្ហាញប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច ដែលជាស្នាដៃល្អឯកនិងជាសម្បតិ្តបេតិកភណ្ឌរបស់ខ្មែរ។ សូមបញ្ជាក់ថា គម្រោងវិភាគស្រាវជ្រាវនិងជួសជុលប្រតិមាព្រះនារាយណ៍ផ្ទុំ  គឺជាកិច្ចសហការ រវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរជាតិសិល្បៈអាសុីហ្គីមេ មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង (C2RMF) និងសាលាបារាំងចុងបូព៌ា (EFEO)។ គម្រោងសហការនេះ ទទួលបានការឧបត្ថម្ភថវិកាពីមូលនិធិ ALIPH។ 

នៅពេលអ្នកឈរនៅពីមុខប្រតិមាព្រះនារាយណ៍ផ្ទុំលើព្រះហស្ថស្តាំ អ្នកប្រាកដជាទ្រាំមិនសរសើរមិនបាន អំពីសម្រស់ដ៏ស្រស់ស្អាតគ្មានផ្ទឹម ព្រមជាមួយនឹងទំហំដ៏ធំមហិមានៃប្រតិមានេះ។
លោកស្រីបណ្ឌិត សាវរស ពៅ
 

Saveros Pou

ដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច (ga 5387) ធ្វើពីសំរឹទ្ធ ដែលមានបណ្តោយប្រវែង ២ម៉ែត្រ២២ និងទទឹងប្រវែង ១ម៉ែត្រ២៣ សិតនៅភាគទី២នៃសតវត្សរិ៍ទី១១នៃគ.ស។ រូបថត៖ លោក ព្យែរ បាទិស្ទ (Pierre Baptiste)
ដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច (ga 5387) ធ្វើពីសំរឹទ្ធ ដែលមានបណ្តោយប្រវែង ២ម៉ែត្រ២២ និងទទឹងប្រវែង ១ម៉ែត្រ២៣ សិតនៅភាគទី២នៃសតវត្សរិ៍ទី១១នៃគ.ស។ © រូបថត៖ លោក ព្យែរ បាទិស្ទ (Pierre Baptiste)

១. ស្នាដៃល្អឯកនៃសិល្បៈខ្មែរ

ក. ប្រវត្តិនៃការសិតនិងការរកឃើញប្រតិមាព្រះនារាយណ៍ផ្ទុំ

ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច គឺជាប្រតិមាដ៏ធំមហិមាមួយ ក្នុងចំណោមប្រតិមាទេពសំខាន់ៗដ៏កម្រនៃព្រហ្មញ្ញសាសនា ក្នុងឥរិយាបថផ្ទុំសណ្តូកលើដងខ្លួនខាងស្តាំ និងមានព្រហស្ថបួន។ ប្រតិមានេះ ទំនងជាសិតតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ គឺព្រះបាទ ឧទ័យាទិត្យាវរ្ម័នទី២ (គ.ស ១០៥០-១០៦៦) ដើម្បីតម្កល់នៅក្នុងប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅចំកណ្តាលបារាយណ៍ធំជាងគេនៅតំបន់អង្គរ។ គួររំលឹកថា តាមរយៈកំណាយនៅឆ្នាំ១៩៣៦ ដឹកនាំដោយអ្នកអភិរក្សជនជាតិបារាំង លោក ម៉ូរីស ហ្គ្លេស (Maurice Glaize) បានរកឃើញប្រតិមានេះ នៅក្នុងគំនររណ្តៅថ្មចំកណ្តាលតួប៉មប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន ជាដំបូងគេវាយកំទេចប្រតិមាព្រះនារាយណ៍ផ្ទុំជាច្រើនបំណែក មុនពេលបញ្ចុះក្នុងដី ជាមួយនឹងបំណែកប្រតិមាផ្សេងទៀត។ ចាប់ពីឆ្នាំ១៩៥០ គេយកតែដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំប៉ុណ្ណោះ មកតាំងបង្ហាញក្នុងសារមន្ទីរជាតិកម្ពុជា។ រីឯបំណែកប្រមាណជាង៤០ផ្សេងទៀតរបស់ប្រតិមានេះ បានរក្សាទុកក្នុងឃ្លាំងងរបស់សារមន្ទីរ។

ខ. និមិត្តរូបមហស្ចារ្យនៃប្រតិមាព្រះនារាយណ៍ផ្ទុំ

ប្រតិមាព្រះនារាយណ៍ផ្ទុំ មានបង្ហាញនៅក្នុងរឿងទេវកថាអំពីការបង្កើតលោក ដែលមានភាពល្បីល្បាញទាំងនៅស្រុកឥណ្ឌា និងស្រុកខ្មែរ។ រឿងទេវកថានេះ រៀបរាប់ថា «កាលនៅចុងក្រោយនៃកល្ប ព្រះនារាយណ៍បានបំផ្លាញលោកទាំងមូល។ នៅពេលនោះ ព្រះអង្គផ្ទុំលើផ្ទៃទឹកសមុទ្រ សណ្តូកលើដងខ្លួននាគសេសា ឬ នាគអនន្ត ដែលគេហៅថា អនន្តសាយិន (មានន័យថាអ្នកដែលផ្ទុំលើនាគអនន្ត)។ កាយវិការបែបនេះ គឺមានន័យថាព្រះអង្គកំពុងតែសមាធិ ដើម្បីបង្កើតលោកថ្មី។ គម្ពីរខ្លះនិទានថា ព្រះអង្គក្លាយជាយក្សមួយផ្ទុំនៅលើផ្ទៃទឹកសមុទ្រ។ នៅពេលព្រះអង្គភ្ញាក់ដឹងខ្លួន ផ្កាឈូកមាសក៏លេចចេញពីផ្ចិតរបស់ព្រះអង្គ ដែលគេហៅថា padmanābha (មានន័យថាផ្ចិតគឺជាផ្កាឈូក)។ ផ្កាឈូកនេះ តំណាងឲ្យការកើតឡើងវិញនិងភាពបរិសុទ្ធ។ ទន្ទឹមនឹងនោះ ព្រះព្រហ្មក៏លេចចេញពីផ្ចិតរបស់ព្រះនារាយណ៍ជាមួយផ្កាឈូក ដើម្បីបង្កើតលោកថ្មី។

រឿងកំណើតព្រះព្រហ្ម តែងតែឃើញមាននៅតាមចម្លាក់ទេវកថាបង្កើតលោករបស់ខ្មែរផ្សេងទៀត ដូចករណីប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច។ តាមការសន្និដ្ឋាន គេទំនងជាឆ្លាក់រូបព្រះនារាយណ៍ផ្ទុំ រួមជាមួយរូបទេពផ្សេងៗទៀត គឺព្រះព្រហ្ម និងព្រះនាងលក្ស្មី (មហេសីរបស់ព្រះនារាយណ៍)។ ជាទូទៅ គេច្រើនតែឆ្លាក់រូបព្រះនាងលក្ស្មី នៅក្បែរព្រះបាទារបស់ព្រះនារាយណ៍។ រីឯនាគអនន្ត គេច្រើនតែយល់ថា ជាជើងទម្ររបស់ប្រតិមាព្រះនារាយណ៍ផ្ទុំ ហើយសមុទ្រក្នុងទេវកថាអំពីការបង្កើតលោក ជាបារាយណ៍ខាងលិច ដែលនៅព័ទ្ធជុំវិញប្រតិមាព្រះនារាយណ៍ផ្ទុំ។

បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា កំពុងព្យាយាមស្វែងរកភ័ស្តុតាងបញ្ជាក់ពីវត្តមានរបស់រូបព្រះព្រហ្មនិងព្រះនាងលក្ស្មី រួមទាំងបច្ចេកទេសបង្ហូរទឹកចេញពីប្រតិមាព្រះនារាយណ៍ផ្ទុំ។ យើងគួរតែពិនិត្យមើលសំណេររបស់បេសកទូតចិន លោក ជីវ តាក្វាន់ ដែលបានស្នាក់នៅអង្គរ នាចុងសតវត្សរិ៍ទី១៣នៃគ.ស។ បេសកទូតរូបនេះ បានរៀបរាប់ថា «ប្រតិមាព្រះពុទ្ធផ្ទុំមួយអង្គធ្វើពីសំរឹទ្ធ មានទឹកហូរចេញតាមផ្ចិតឥតឈប់»។ លោកក៏បានសន្និដ្ឋានថា ប្រាសាទមេបុណ្យខាងលិចជា ទីរថា (tīrtha) ដែលមានន័យថាកន្លែងធ្វើធម្មយាត្រានិងកន្លែងមុជទឹកលាងបាប។ ម្យ៉ាងទៀត ប្រាសាទនាគព័ន្ធដែលស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត កសាងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (គ.ស ១១៨២/១១៨៣ - គ.ស ១២២០) ក៏ជាកន្លែងមុជទឹកលាងបាបផងដែរ។
 

ការប្រៀបធៀបរវាងប្រតិមាព្រះនារាយណ៍ផ្ទុំនិងចម្លាក់ព្រះនារាយណ៍ផ្ទុំមកពីតំបន់ក្បាលស្ពាន ដែលមានចម្លាក់លឹង្គមួយពាន់នៅបាតស្ទឹង កសាងនៅសតវត្សរិ៍ទី១២នៃគ.ស (ភ្នំគូលេន ប្រទេសកម្ពុជា)។
ការប្រៀបធៀបរវាងប្រតិមាព្រះនារាយណ៍ផ្ទុំនិងចម្លាក់ព្រះនារាយណ៍ផ្ទុំមកពីតំបន់ក្បាលស្ពាន ដែលមានចម្លាក់លឹង្គមួយពាន់នៅបាតស្ទឹង កសាងនៅសតវត្សរិ៍ទី១២នៃគ.ស (ភ្នំគូលេន ប្រទេសកម្ពុជា)។ © រូបថត៖ លោក ព្យែរ បាទិស្ទ (Pierre Baptiste)

គ. បច្ចេកទេសដ៏បុិនប្រសព្វនៃការសិតប្រតិមាព្រះនារាយណ៍ផ្ទុំ 

ប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច គឺជាស្នាដៃមួយដ៏ល្អឯកនៃសិល្បៈខ្មែរ ដែលបង្ហាញពីបច្ចេកទេស ចំណេះ ជំនាញ និងទេពកោសល្យដ៏បុិនប្រសព្វរបស់ជាងស្មិតខ្មែរ នាសម័យអង្គរ ក្នុងការសិតលោហៈដែលមានទំហំធំបែបនេះ។ តាមការប៉ាន់ស្មាន ប្រតិមាព្រះនារាយណ៍ផ្ទុំទាំងមូល មានប្រវែងប្រមាណ៥ម៉ែត្រ ដែលជាប្រតិមាសំរឹទ្ធមួយធំជាងគេ នៅអាសុីអាគ្នេយ៍។ ចាប់ពីឆ្នាំ២០១៨ គេបានសិក្សាវិភាគស្រាវជ្រាវជាច្រើនលើកច្រើនសារ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីបច្ចេកទេសសិតប្រតិមានេះ។
 

សេម៉ាបច្ចេកទេសនៃដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំ
សេម៉ាបច្ចេកទេសនៃដងខ្លួនប្រតិមាព្រះនារាយណ៍ផ្ទុំ © រូបភាព៖ មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង (C2RMF)។ គូរដោយលោកស្រី ម៉ាណុង កាស្ទែល Manon Castelle

២. គម្រោងព្រះវិស្ណុ៖ ចាប់តាំងពីការស្រាវជ្រាវ រហូតមកដល់ការជួសជុល

ក. កិច្ចសហការដំបូងៗ
 

បំណែកសំខាន់ៗ និងបំណែកផ្សេងទៀតរបស់ប្រតិមាព្រះនារាយណ៍ផ្ទុំ
បំណែកសំខាន់ៗ និងបំណែកផ្សេងទៀតរបស់ប្រតិមាព្រះនារាយណ៍ផ្ទុំ © រូបថត៖ សារមន្ទីរជាតិកម្ពុជា។ រៀបរៀងដោយលោក សេបាស្ជាំង គ្លូអេ Sébastien Clouet

នៅឆ្នាំ១៩៩៦ សារមន្ទីរជាតិសិល្បៈអាសុីហ្គីមេ បានសហការជាមួយនឹងសារមន្ទីរជាតិកម្ពុជា រៀបចំពិព័ណ៌ស្តីអំពី «អង្គរ និងដប់សតវត្សរិ៍នៃសិល្បៈខ្មែរ» នៅសាលពិព័ណ៍ហ្គ្រង់ប៉ាឡេ Grand Palais នៃប្រទេសបារាំង។ នៅពេលនោះ មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង បានចាប់អារម្មណ៍លើបច្ចេកទេសសិតសំរឹទ្ធខ្មែរ។ ក្រោយមកនៅឆ្នាំ២០០៩ និក្ខេបបទមួយនៅសាកលវិទ្យាលប៉ារីសស័រប៊ននូវែល - ប៉ារីស៣  (Sorbonne Nouvelle - Paris 3) ក៏បានរៀបរាប់អំពីការស្រាវជ្រាវប្រតិមាព្រះនារាយណ៍ផ្ទុំនេះផងដែរ។ នៅឆ្នាំ២០១៦ គម្រោងសហការស្រាវជ្រាវមួយឈ្មោះ លង្គៅ (LANGAU) ផ្តោតលើការសិក្សាស្រាវជ្រាវអំពីលោហកម្មទង់ដែងនៅសម័យអង្គរ។ លង្គៅ គឺពាក្យខ្មែរបុរាណ មានន័យថា «ទង់ដែង»។ សូមបញ្ជាក់ថា គម្រោងស្រាវជ្រាវនេះ ដឹកនាំដោយសាលាបារាំងចុងបូព៌ា (EFEO)។ នៅក្នុងក្របខ័ណ្ឌគម្រោង LANGAU និងគម្រោង CAST:ING ដែលដឹកនាំដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុល C2RMF  បានសិក្សាវិភាគស្រាវជ្រាវជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីបច្ចេកទេសសិតប្រតិមាព្រះនារាយណ៍ផ្ទុំ និងបំណែកសំខាន់ៗរបស់ប្រតិមានេះ ដែលបានរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា។ គួររំលឹកថា នៅខែមករាឆ្នាំ២០១៨ អ្នកជំនាញអន្តរជាតិផ្នែកប្រតិមាពីសំរឹទ្ធប្រមាណ២០នាក់  បានចូលរួមសិក្សាស្រាវជ្រាវជាបឋម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីវិភាគស្រាវជ្រាវលើប្រតិមាព្រះនារាយណ៍ផ្ទុំនេះ។

ការពិនិត្យនិងការសាកល្បងផ្គុំបំណែកសំខាន់ៗនៃប្រតិមាព្រះនារាយណ៍ផ្ទុំ ក្នុងក្របខ័ណ្ឌគម្រោងស្រាវជ្រាវ LANGAU និងCAST:ING នៅសារមន្ទីរជាតិកម្ពុជា។ ថតនៅខែមករាឆ្នាំ២០១៨។
ការពិនិត្យនិងការសាកល្បងផ្គុំបំណែកសំខាន់ៗនៃប្រតិមាព្រះនារាយណ៍ផ្ទុំ ក្នុងក្របខ័ណ្ឌគម្រោងស្រាវជ្រាវ LANGAU និងCAST:ING នៅសារមន្ទីរជាតិកម្ពុជា។ ថតនៅខែមករាឆ្នាំ២០១៨។ © រូបថត៖ គម្រោង CAST:ING

លទ្ធផលស្រាវជ្រាវនៃគម្រោងខាងលើនេះ បានបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រនៃសាលាបារាំងចុងបូព៌ា។ ម្យ៉ាងវិញទៀត លទ្ធផលស្រាវជ្រាវនេះ បានបង្ហាញពីភ័ស្តុតាងនៃបច្ចេកទេសមួយចំនួន រួមមាន៖ ការចាក់ពុម្ពដោយសូនរូបពីក្រមួន ការចិតពុម្ពក្រមួនជាច្រើនបំណែក ការចាក់សមាសភាគសំរឹទ្ធលាយសំណប៉ាហាំងចូលក្នុងពុម្ពលើកទី១ ការតម្លើងគ្រោងឆ្អឹងដែកខាងក្នុង ការកោសសម្អាតពុម្ពដោយប្រើបន្ទះទង់ដែងនិងការចាក់សមាសភាគសំរឹទ្ធលាយសំណប៉ាហាំងចូលក្នុងពុម្ពលើកទី២ ការទឹបទឹកមាស ព្រមទាំងការបន្ថែមពណ៌នៅលើផ្ទៃមុខដោយប្រើដែកនិងត្បូងមានតម្លៃផ្សេងៗ ជាពិសេសនៅត្រង់ចិញ្ចើម ភ្នែក បបូរមាត់ ពុកមាត់ ពុកចង្កា និងក ជាដើម។

ខ. គម្រោងស្រាវជ្រាវថ្មី

ការនាំយកប្រតិមាព្រះនារាយណ៍ផ្ទុំនេះមកប្រទេសបារាំង គឺដើម្បីអាចប្រើប្រាស់ឧបករណ៍ទំនើប ក្នុងការវិភាគស្រាវជ្រាវជាទ្រង់ទ្រាយធំ។ មួយវិញទៀត យើងក៏អាចបន្តកិច្ចការអភិរក្សនិងជួសជុលឡើងវិញ ដោយអ្នកជំនាញជនជាតិបារាំង ។ ម្លោះហើយ «គម្រោងព្រះវិស្ណុ» ក៏កើតឡើង ក្រោមកិច្ចសហការរវាងស្ថាប័នបារាំងចំនួន៣ ដូចជា មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង សារមន្ទីរជាតិសិល្បៈអាសុីហ្គីមេ និងសាលាបារាំងចុងបូព៌ា។ សារមន្ទីរជាតិកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយនឹងភាគីបារាំងទាំងបីស្ថាប័នខាងលើ ដើម្បីដំណើរការជាផ្លូវការនៃគម្រោងព្រះវិស្ណុនេះ  នៅក្នុងក្របខ័ណ្ឌកិច្ចសហការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេស។ ពិធីចុះកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំព៌ា និងអភិវឌ្ឍរមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា CIC-Angkor។ ក្រោយមក គម្រោងនេះក៏បានពន្យាពេលមួយរយៈ ដោយសារការរីករាលដាលនៃជំងឺ Covid-19។ នៅខែឧសភា ឆ្នាំ២០២៣ ការចុះកិច្ចព្រមព្រៀងនេះ បានបន្តដំណើរការឡើងវិញ។
 

គម្រោងព្រវិស្ណុនេះ ផ្តោតលើកម្មវត្ថុសំខាន់ៗចំនួនបី៖
•    ការសិក្សាវិភាគប្រតិមាព្រះនារាយណ៍ផ្ទុំ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំងង C2RMF នៃទីក្រុងប៉ារីស ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ២០២៤។
•    ការអភិរក្សនិងជួសជុលប្រតិមាព្រះនារាយណ៍ផ្ទុំ នៅមន្ទីរពិសោធន៍ Arc’ Antique នៅទីក្រុងណង់តិ៍ Nantes ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។ 
•    ការតាំងបង្ហាញប្រតិមាព្រះនារាយណ៍ផ្ទុំជាសាធារណៈ រួមជាមួយនឹងវត្ថុបុរាណ ព្រមទាំងវត្ថុសិល្បៈពីសំរឹទ្ធផ្សេងទៀត នៅក្នុងពិព័ណ៌របស់សារមន្ទីរ Guimet នៃទីក្រុងប៉ារីស ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅតាមសារមន្ទីរជាច្រើនផ្សេងទៀត នៅសហរដ្ឋអាមេរិក ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥។ 

គម្រោងនេះ ក៏ចូលរួមបណ្តុះបណ្តាលជំនាញដល់ភាគីពាក់ព័ន្ធ ជាពិសេសភាគីខ្មែរចំនួនបីនាក់ រួមមាន បុរាណវិទូមួយនាក់និងអ្នកជំនាញជួសជុលពីរនាក់ ដើម្បីជួយពង្រឹងទំនាក់ទំនងនៃកិច្ចសហការ រវាងស្ថាប័នដៃគូទាំងអស់។ អ្នកជំនាញខ្មែរទាំងបីនាក់នេះ នឹងធ្វើដំណើរមកប្រទេសបារាំង ដើម្បីតាមដាន ចូលរួមកិច្ចការអភិរក្ស ជួសជុស និងពិព័ណ៌ខាងលើ។
 

៣. សារមន្ទីរ GUIMET និងរៀបចំពិព័ណ៌ដ៏ធំមួយ ចាប់ពីខែមេសា ឆ្នាំ២០២៥

បន្ទាប់ពីប្រតិមាព្រះនារាយណ៍ផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច ជួសជុលរួចរាល់ គេនឹងយកប្រតិមានេះមកតាំងបង្ហាញរួមគ្នានឹងវត្ថុបុរាណ ព្រមទាំងវត្ថុសិល្បៈអំពីសំរឹទ្ធផ្សេងទៀតដែលមកពីតំបន់អង្គរ នៅសារមន្ទីរ Guimet។

សូមរំលឹកថា អង្គរគឺជារាជធានីនៃអាណាចក្រខ្មែរ ដែលគ្របដណ្តប់ទឹកដីមួយផ្នែកនៃបណ្តាប្រទេសអាសុីអាគ្នេយ៍ អំឡុងប្រាំសតវត្សរិ៍ (ចាប់ពីសតវត្សរិ៍ទី៩ ដល់សតវត្សរិ៍ទី១៤នៃគ.ស)។ ដូនតាខ្មែរបានបន្សល់នូវសំណង់ប្រាសាទធំៗជាច្រើន។ សម្រស់ដ៏ស្រស់ស្អាតនៃប្រាសាទទាំងនោះ បានឆ្លុះបញ្ចាំងពីភាពរុងរឿងនៃអារ្យធម៌ខ្មែរ នាសម័យអង្គរ។ ស្ថាបត្យកម្មប្រាសាទបុរាណខ្មែរ រួមទាំងប្រតិមាថ្មជាច្រើនតម្កល់ក្នុងប្រាសាទទាំងនោះ គឺជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ។ ក្រៅពីនេះ ក៏មានតម្កល់ប្រតិមាទេពនិងគ្រឿងសក្ការៈបូជារជាច្រើនធ្វើពីលោហៈធាតុមានតម្លៃ ដូចជា មាស ប្រាក់ និងសំរឹទ្ធទឹបមាសជាដើម។ ប៉ុន្តែ សព្វថ្ងៃនេះ យើងពុំឃើញមានប្រតិមាទេពនិងគ្រឿងសក្ការៈបូជារទាំងនោះ នៅតាមប្រាសាទទៀតឡើយ ដោយយើងឃើញតែនៅតាមចម្លាក់ក្រឡោតទាបមួយចំនួន និងតាមសិលាចារឹកជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ដែលចារនៅតាមប្រាសាទ។

សាលពិព័ណ៌រូបចម្លាក់ខ្មែរនៅសារមន្ទីរ Guimet។
សាលពិព័ណ៌រូបចម្លាក់ខ្មែរនៅសារមន្ទីរ Guimet។ © រូបថត៖ សារមន្ទីរ Guimet។ ថតដោយលោក ដាវិដ ហ្សីយ៉ង់កាតារីណា David Giancatarina

គួររំលឹកថា សំរឹទ្ធគឺជាលោហៈធាតុមួយដ៏មានតម្លៃរបស់ខ្មែរ ដែលមានសមាសភាគផ្សំ ដូចជា ទង់ដែង សំណប៉ាហាំង សំណ លាយគ្នានៅក្នុងចង្រ្កានស្លលោហៈ ដើម្បីសិតប្រតិមាទេពផ្សេងៗ។ នេះសបញ្ជាក់ពីការគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួនរបស់ព្រះមហក្សត្រខ្មែរចំពោះព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។ តាមរយៈលទ្ធផលកំណាយស្រាវជ្រាវថ្មីៗ នៅខាងជើងព្រះបរមរាជវាំងអង្គរធំ ដឹកនាំដោយសាលាបារាំងចុងបូព៌ា (EFEO) និងការសិក្សាវិភាគស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុលរបស់សារមន្ទីរនៃប្រទេសបារាំង (C2RMF) គេនឹងរៀបចំពិព័ណ៌ នៅសារមន្ទីរ Guimet អំពីកាលប្បវត្តិនៃសិល្បៈសំរឹទ្ធខ្មែរ ចាប់ពីសតវត្សរិ៍ទី៩នៃគ.ស រហូតដល់ពេលបច្ចុប្បន្ន និងតំបន់បេតិកភណ្ឌសំខាន់ៗរបស់ខ្មែរ។

នៅក្នុងពិព័ណ៌នេះ មានការដាក់តាំងបង្ហាញវត្ថុបុរាណខ្មែរជាច្រើនធ្វើពីសំរឹទ្ធ ដែលបានខ្ចីពីសារមន្ទីរជាតិកម្ពុជា ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពីរាជរដ្ឋាភិបាលខ្មែរ និងកិច្ចសហការ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាររមន្ទីរ Guimet មជ្ឈមណ្ឌលស្រាវជ្រាវនិងជួសជុល C2RMF និងសាលាបារាំងចុងបូព៌ា (EFEO)។ វត្ថុបុរាណទាំងនោះ រួមមាន ប្រតិមា វត្ថុសិល្បៈនិងគ្រឿងលម្អស្ថាបត្យកម្ម រូបថត ពុម្ពចម្លងប្រតិមា និងឯកសាររូបភាពផ្សេងៗទៀត ដែលបង្ហាញពីបរិបទវប្បធម៌ បុរាណវិទ្យា និងប្រវត្តិសាស្រ្ត។
បន្ថែមពីនេះ ពិណ័ណ៌ខាងលើ មានការដាក់តាំងបង្ហាញ ប្រតិមាព្រះវិស្ណុផ្ទុំមកពីប្រាសាទមេបុណ្យខាងលិច រួមជាមួយនឹងវត្ថុបុរាណចំនួនប្រមាណ ២៤០ ក្នុងនោះ វត្ថុបុរាណចំនួន ១២៦ មកពីសារមន្ទីរជាតិកម្ពុជា និងវត្ថុបុរាណចំនួនប្រមាណ ៥០ មកពីសារមន្ទីរ Guimet។ បន្ទាប់មក វត្ថុបុរាណទាំងអស់នោះ នឹងត្រូវដាក់តាំងបង្ហាញ នៅតាមសារមន្ទីរនៃរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា លោក Pierre Baptiste លោក Thierry Zéphir (អ្នកអភិរក្សនៃសារមន្ទីរ Guimet) លោក David Bourgarit (មកពី C2RMF) និង លោក Brice Vincent (មកពី EFEO) គឺជាអ្នកសម្របសម្រួលការតាំងពិព័ណ៌នេះ។